ផ្សាយចេញ ៖ 02-Mar-2018 08:25 am 4 months ago

ខ្ញុំ​គិត​ថា​នៅ​ពេល​មនុស្ស​ពីរនាក់​ស្រលាញ់​គ្នា ស្នេហា​គឺ​ធំ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ពួក​សម្រេច​ទៅ​ដល់​មង្គលការ​​ហើយ។ វា​ជា​គោល​ដៅ​សម្រេច​របស់​មនោសញ្ចេតនា​មួយ ចុះ​ហេតុ​អី នៅ​ពេល​ដែល​គេ​ស្រលាញ់​គ្នា​ហើយ បែរ​ជា​បង្ខំ​គ្នា​ឲ្យ​ឃ្លាត​ឆ្ងាយ ដោយ​សារ​តែ​អាយុ​មិន​ត្រូវ​គ្នា មិន​មែន​ដោយ​សារ​តែ​អស់​ស្រលាញ់ រឹត​តែ​មិន​មែន​ដោយ​សារ​នរណា​ក្បត់។


ខ្ញុំ​គឺ​ជា​មនុស្ស​អប្បិយជំនឿ​មួយ​រូប។ ខ្ញុំ​ក៏​ដឹង​ពី​ទំនៀមទម្លាប់​របស់​យើង​ដែរ​ថា នៅ​ពេល​រៀបការ​គឺ​ត្រូវ​ទៅ​មើល​គ្រូ​ថា​អាយុ​ត្រូវ​គ្នា​ឬ​អត់ ដើម្បី​អាច​រស់​​នៅ​ជាមួយ​គ្នា និង​អាច​ទទួល​បាន​ជោគជ័យ​នូវ​គ្រប់​កិច្ចការ​ទាំង​អស់ ជា​ពិសេស​គឺ​សុខភាព និង​លាភ​សំណាង​នានា។
ដោយ​សារ​តែ​ផ្គាប់​ចិត្ត​គ្រួសារ ចង់​បាន​ជីវិត​ដ៏​រលូន​មួយ ពួក​គេ​សុខ​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​គ្នា ដើម្បីកុំ​ឲ្យ​ថ្ងៃ​ក្រោយមាន​វិប្បដិសារី​នៅ​ក្នុង​ចិត្ត ។ ដោយ​សារ​កាល​ពី​ក្មេង​មិន​បាន​ស្រលាញ់​មនុស្ស​ម្នាក់​អស់​ពី​ចិត្ត ឬ​ក៏​យ៉ាប់​ជាង​នេះ​ទៀត​គឺ គេ​ជ្រើស​យក​នរណា​ម្នាក់​ដែល​អាយុ​ត្រូវ​គ្នា ដើម្បី​រៀបការ ហើយ​រស់​នៅ​អស់​មួយ​ជីវិត​ក្បែរ​គេ​ទាំង​មិន​បាន​ស្រលាញ់។ មនុស្ស​ពីរនាក់​មាន​សុភមង្គល គ្រួសារ​ហាម​ឃាត់ តែ​មនុស្ស​បួននាក់​នឹង​រង​ទុក្ខ​ដោយ​សារ​មូលហេតុ​អាយុ​មិន​ត្រូវ​គ្នា។
អ៊ីចឹង​រៀបការ តើ​ចាំ​បាច់​អាយុ​ត្រូវ​គ្នា​ឬ​អត់? ឬ​គ្រាន់​តែ​ស្រលាញ់​គ្នា​គឺ​គ្រប់​គ្រាន់​ហើយ? ឬ​ត្រូវ​មាន​ទាំង​អាយុ ទាំង​ស្រលាញ់? មិន​ស្រលាញ់ តែ​ត្រូវ​អាយុ​បាន​អត់? ស្រលាញ់​តែ​មិន​ត្រូវ​អាយុ​បាន​អត់? អប្បិយជំនឿជា​រឿង​មួយ តែ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មាន​គូ​ស្នេហ៍​មួយ​គគោក​សុទ្ធ​តែ​បាន​រៀបការ​តាម​ប្រពៃណី ហើយ​មុន​រៀបការ​ប្រាកដ​ជា​បាន​ទៅ​មើល​គ្រូ​រួច​ហើយ។ ហើយ​លទ្ធផល​ជា​អ្វី? មិន​បាន​ប៉ុន្មាន​ផង​ក៏​ដាក់​ពាក្យ​លែងលះ។ ម្យ៉ាង​វិញទៀត​សម័យ​យាយ​តា​ពួក​យើង ត្រូវ​គេ​ចាប់​រៀបការ​ជាមួយ​គ្នា មិន​ទាំង​ស្គាល់​មុខ​មាត់​គ្នា​យ៉ាង​ម៉េច​ផង តែ​នៅ​តែ​អាច​នៅ​ជាមួយ​គ្នា​បាន​ដល់​សព្វ​ថ្ងៃ។
សរុប​សេចក្ដី​មក រឿង​ខែឆ្នាំ​គឺ​សំខាន់ តែ​អាច​នៅ​ជាមួយ​គ្នា​បាន​ឬ​មិន​បាន​គឺ​ស្ថិត​ទៅ​លើ​បុគ្គល​ខ្លួន​ឯង​ផ្ទាល់ បើ​អត្តចរិត​មិន​ត្រូវ​គ្នា អាយុ​ត្រូវ​គ្នា មិន​យូរ​មិន​ឆាប់​គង់​មាន​បញ្ហា ដូច​នេះ​អ្នក​ដែល​ស្រលាញ់​គ្នា​ពិត​ប្រាកដ ​សូម​កុំ​បោះបង់​ចោល​ដោយ​សារ​តែ​រឿង​នេះ​ឲ្យ​សោះ៕
ប្រភព៖http://kanha.sabay.com.kh

POSTED IN: ជីវិតនិងសង្គម, ប្លែកៗ