ផ្សាយចេញ ៖ 02-Mar-2018 07:36 am 4 months ago


​ភ្នំពេញ​ ៖ ​ តារា​កំប្លែង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​តារា​ពហុ​ជំនាញ​អ្នកនាង​ ខាត់ សុ​ឃីម គឺ​លោក ខាត់ ចំរើន ទោះបីជា​ពេល​បច្ចុប្បន្ន​អាជីព​សិល្បៈ​របស់​លោក​មានការ​មមាញឹក​ច្រើនយ៉ាង​ក្តី​ តែ​តារាប្រុស​រូបនេះ​នៅតែ​ពោល​ពាក្យ​ត្អូញត្អែរ​លើ​ប្រភព​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ក្រុមគ្រួសារ។​មិនតែប៉ុណ្ណោះ​ លោក​ក៏បាន​ប្រកាស​ឆ្លៀតពេល​បន្ថែម​អាជីព​ថ្មី​មួយទៀត​ផងដែរ​។



តារា​ប្រុស​លោក ខាត់ ចំរើន ត្រូវបាន​មហាជន​ស្គាល់​ និង​មានការ​គាំទ្រ​ច្រើន​តាមរយៈ​សមត្ថភាព និង​ទេព​កោសល្យ​សិល្បៈ​ទាំង បុរាណ សម័យ កំប្លែង និង​សម្តែង ជាដើម​។​ ម្យ៉ាងទៀត​ចូលមក​ដល់រដូវ​នេះ ​លោក ខាត់ ចំរើន​ ក៏​កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ផង​ដែរ​ តាម​កម្មវិធី​ប្រគំ​តន្ត្រី ឬ​ចេញ​កាត់សក់​ និង​ច្រៀង​នៅ​តាម​កម្មវិធី​មង្គលការ​ផ្សេងៗ​ ទាំង​នៅ​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​ជិត​ឆ្ងាយ​។



ចាប់អារម្មណ៍​មកលើ​ការងារ​ក្រៅ​សិល្បៈ​របស់លោក ខាត់ ចំរើន វិញ ​ថ្មីៗ​នេះ​ស្រាប់តែ​តារា​ប្រុសរូបនេះ​បានប្រកាស​ដោយ​បើកចំហ​ និង​គ្មាន​ការលាក់លៀម​ថា ​បច្ចុប្បន្ន​ខ្លួន​និង​គ្រួសារបានសម្រេច​បន្ថែម​អាជីព​ថ្មី​មួយទៀត ​គឺ​ការបើក​លក់​នូវ​ជ្រក់​ជើងមាន់ ​ដែលជា​ការ​ផ្សំ​គ្រឿងផ្ទាល់ដៃ​របស់លោក​តែម្តង​។


​​តារា​កំប្លែង​ត្រកូល ខាត់ លោក ខាត់ ចំរើន បានបញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា បើ​ពឹង​តែ​ទៅលើ​មុខរបរសិល្បៈ​តែមួយ​មុខ ​គឺ​មិនអាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​ធូរធារនឹង​គេ​បានឡើយ​។​ អញ្ចឹងមានតែ​អាប់​ដេ​ត​មុខរបរ​ថ្មី​ គឺ​លក់​ជ្រក់​ជើងមាន់​ផ្សំ​គ្រឿង​ពិសេស​ដែលមាន​រស់ជាតិ​ឆ្ងាញ់​។​សូមជួយ​គាំទ្រ ​និង​ ទិញ​ខ្ញុំ​ផង​។


​សូមជម្រាប់ថា​ លោក ខាត់ ចំរើន គឺជា​តារា​សិល្បៈ​ដែលមាន​ប្រជាប្រិយភាព​ និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ច្រើន​។​ គិត​មកទល់ពេលនេះ​ អាជីព​សិល្បៈ​របស់​តារា​ប្រុស​លោក ខាត់ ចំរើន គឺមាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ​ដោយ​ក្នុងនោះ​លោក​ក៏​ធ្លាប់​ទទួលបាន​ការលើក​សរសើរ​ចំពោះ​អត្តចរិត​រួស​រាយ​រាក់ទាក់​ចំពោះ​ទស្សនិកជន​ផង​ដែរ៕