ផ្សាយចេញ ៖ 21-Feb-2018 04:51 pm 4 months ago

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ម្ចាស់ជ័យលាភី The Voice of Cambodia រដូវកាលទី១ ប៊ុត សីហា កាលពីចុងឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។

ការចាប់ខ្លួនលោក ប៊ុត សីហា មកពីខេត្តកំពង់ស្ពឺ និងមានភាពល្បីខ្លាំងពេលប្រឡងជាប់ ជាម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក The Voice of Cambodia របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាសរូបនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមមន្រ្តីនគរបាលរូបនេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានលោក ប៊ុត សីហា ប្រមាណកន្លះខែមកហើយ ទើបតែចាប់ខ្លួននៅពេលនេះ ខណៈលោកកំពុងបើករថយន្តនៅតាមដងផ្លូវ។

ក្រោយស្ទាក់ចាប់ខ្លួន តារាចម្រៀងក្មេងវស្សារូបនេះ ត្រូវបាននាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត ប៉ុន្តែគេមិនទាន់ដឹងថា មានគ្រឿងញៀនប៉ុន្មាននោះទេ ដែលត្រូវរឹបអូស៕

ប្រភព Fresh News