ផ្សាយចេញ ៖ 13-Feb-2018 05:08 am 4 months ago

ផ្ទះខ្មែរបុរាណកម្រនឹងបានឃើញ​ ស្ទើរបាត់សូន្យសឹង​ ក្មេងជំនាន់ក្រោយគួរយល់ដឹង

ផ្ទះ​ខ្មែរ​បុរាណ ផ្ទះប៉ិត ឬ​ហៅ​ម្យ៉ាង​ទៀតថា ផ្ទះ​ជម ឬ ផ្ទះ​ជ្រក​ជម កាល​ជំនាន់​យាយ​នៅជំទង់ៗសម្បូរ​ណាស់​ផ្ទះ​ហ្នឹង តែ​ដល់​មក​សម័យ​កាន់តែ​ជឿនលឿន ផ្ទះ​ប្រភេទ​នេះ​ប្រហែល​បាត់បង់​អស់​ខ្លះ​ហើយ​តាមមើល… ផ្ទះ​ដែល​ហៅថា «ប៉ិត» ឬ​ហៅ​តាម​អ្នកស្រុក​បាត់ដំបង​ថា «ផ្ទះ​ជម» ឬ «ផ្ទះ​ក្រ​ជម» គឺ​តែងតែមាន​ដំបូល​ផ្តុំ​ឡើង​ដោយ​ផ្ទាំង៤ ដែលមាន​ជម្រាល​ស្មើគ្នា ហើយ​ពុំមាន​ហោជាង​នៅ​ផ្នែក​ណាមួយ​នៃ​ដំបូល​ឡើយ។

 

ជាទូទៅ​បើ​មើល​លើ​ប្លង់​ផ្ទះប៉ិត​ដែលមាន​តែមួយ​ខ្នង់ ឃើញថា​ទ្វារ​មិន​នៅលើ​ជ្រុង​ខ្លី​ទេ គឺ​នៅលើ​ជ្រុង​វែង។ គេ​អាច​ពង្រីក​ផ្ទះប៉ិត​សាមញ្ញ​ឲ្យ​មាន​រូបរាង​ច្រើន​បែបយ៉ាង។ ម្យ៉ាង​ដោយ​បន្ថែម​ដំបូល​ឲ្យ​បាន​ច្រើន​ខ្នង។ ផ្ទះប៉ិត​ដែលមាន​ពីរ​ខ្នង ប៉ុន្តែ​អាចមាន​ច្រើនជាង​នោះ​រហូតដល់​ប្រាំ​ខ្នង​ផង។ ប្រភេទ​ម្យ៉ាងទៀត​ការចែក​ខ្នង​នោះ​ពុំមែន​ទៅក្រោយ​ទេ គឺ​មក​ខាង​ទទឹង​ផ្ទះ​ទៅវិញ ជួនកាល​គេ​ហៅថា «ភ្លោះ»

ជួនកាល​ទៀត​លំបាក​ឲ្យ​ឈ្មោះ​ពិតប្រាកដ​ណាស់ គ្រាន់តែ​មើលទៅ​មូលដ្ឋាន​ជា​ផ្ទះប៉ិត​ដោយ​ថែម​ដំបូល​ប៉ិត​ដូចគ្នា តែ​មក​កាត់​ទទឹង​គ្នា​ទៅវិញ។ តាម​ធម្មតា ក្បាច់​ដែល​នៅលើ​ព្រុំ​ហើយ​មាន​កំពូល​ស្រួច​ទៅលើ​គេ​ហៅថា«ម៉ិ​ត»(ពុំ​ដឹងថា​ពាក្យ​នេះ​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​ឬទេ ដោយសារ​ពុំមាន​នៅក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត) ។

ចំណែកឯ​នៅ​ខាងចុង​ចែង​តែង​ឃើញ​មាន «គាងឃ្វាយ» ឬ​អ្នកស្រុក​ខ្លះ​ហៅថា «កន្ទុយ​មាន់» ។ ជួនកាល​ទៀត​មាន​ក្បាច់​មួយ​ជួរ​រត់តាម​ព្រុំ​ហើយ​ចុះ​ពី​ព្រុំ​ទៅ​ចុង​ចែង ដែល​ហៅថា «នាង​ច្រិល»៕