ផ្សាយចេញ ៖ 12-Feb-2018 02:46 pm 4 months ago

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០​១៨ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ជាស្ដ្រីជនជាតិបារាំងម្នាក់ ដែលកំពុងដើរតាមផ្លូវ នៅជិតរង្វង់មូលជួនណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្ដាលឲ្យជនរងគ្រោះអូសតាមកាបូប ដែលក្រុមចោរឆក់នោះ។ប៉ុន្ដែ​អកុសល ពេលជនសង្ស័យធ្វើសកម្មភាពនោះ ស្រាប់តែមានពលរដ្ឋកំពុងជិះរថយន្ដតាមក្រោយ ឃើញបែបនេះ ក៏បានបើករថយន្ដដេញបុកពីក្រោយ រហូតដល់មុខសណ្ឋានកាំបូឌីយ៉ាណា បណ្ដាលឲ្យក្រុមចោរដួលម៉ូតូតែម្ដង។

 
លោក ជួប សុគន្ធ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ចតុមុខ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ​រថយន្ដដែលបើកដេញបុកក្រុមចោរនោះ ម៉ាក Highlander ហើយក្រោយដេញបុក កម្លាំងនគរបាលរបស់លោក និងប្រជាពលរដ្ឋបានសហការគ្នា ចាប់ក្រុមជនសង្ស័យម្នាក់ ដែលជាអ្នកឆក់កាបូបផ្ទាល់តែម្ដង ដោយឡែក ជនសង្ស័យដែលបើកបរម៉ូតូ បានរត់គេចខ្លួនបាត់។នាយប៉ុស្ដិ៍រូបនេះបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាចាស់ ហើយក៏មានប្រើប្រាស់គ្រឿងញៀនផងដែរ ដែលបច្ចុប្បន្នត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដតាមច្បាប់។យ៉ាងណាមិញ ក្រោយចាប់ខ្លួនជនសង្ស័យ បានកម្លាំងសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាព និងកាបូបរបស់ជនរងគ្រោះ ហើយត្រូវបានប្រគល់ឲ្យជនរងគ្រោះភ្លាមៗផងដែរ៕