ផ្សាយចេញ ៖ 11-Feb-2018 12:30 pm 4 months ago

ជនជាតិចិន២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសាក​សួរ ​ក្រោយពីសង្ស័យ ត្រួតពិនិត្យឃើញមានរក្សាទុក អាវុធខ្លីម៉ាកK59 មួយដើមជាប់ខ្លួន កាលពីវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១១ កុម្ភះ២០១៨ នៅចំណុចផ្លូវបេតុង ក្នុងបុរីញូថោនភូមិព្រៃទា​ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនជាតិចិនខាងលើ ទី១ឈ្មោះ DAI XUN អាយុ៣៧ឆ្នាំ និងទី២ឈ្មោះPU YIJIANG អាយុ៣៣ឆ្នាំ ទាំង២នាក់ស្នាក់នៅក្នុងបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនទាំង២នាក់ ខណៈកម្លាំងសមត្ថកិច្ចល្បាតនៅចំណុចខាងលើ ស្រាប់តែឃើញជនជាតិចិន ទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាអ៊ែប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AD-1679 ឌុបគ្នាដោយមានស្ពាយកាបូប ពាក់ជំហៀងខ្លួនផង ដោយសង្ស័យក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែក្នុងកាបូបខាងលើ ឃើញមានកាំភ្លើងខ្លីមួយដើម ម៉ាកK59 មានគ្រាប់ចំនួន៥គ្រាប់ ឃើញដូចនេះកម្លាំងសមត្ថកិច្ច ក៏ឃាត់ខ្លួនជនជាតិចិន ទាំង២នាក់ខាងលើតែម្តង។

បច្ចុប្បន្នជនជាតិចិន ទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនយកមក ធ្វើការសាកសួរ បណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕


ប្រភព៖kbn-news