ផ្សាយចេញ ៖ 30-Jan-2018 10:16 am 5 months ago

រឿងកុហកជាទូទៅតែងកើតឡើងក្នុងទំនាក់ទំនងរបស់យើងម្នាក់ៗ ហើយអំពើកុហកដែលនាំការឈឺចាប់ឱ្យយើងខ្លាំងបំផុតនោះគឺ មនុស្សជាទីស្រឡាញ់ និងជាទីទុកចិត្តរបស់យើង គេកុហកយើង។ ខាងក្រោមនេះ ជាការរៀបរាប់ ៧ចំណុច ពាក់ព័ន្ធនឹងរឿងកុហក ដែលអ្នកអាចមិនធ្លាប់គិតដល់៖

១. «មនុស្សកុហកអ្នកអាចកំពុងនៅជិតអ្នកបំផុត»៖ ការកុហកដែលធ្វើឱ្យយើងឈឺចាប់ខ្លាំងជាងគេគឺមនុស្សដែលនៅក្បែរយើងកុហកយើង។ គេស្គាល់យើង គេច្បាស់ពីយើង គេដឹងថាយើងគួរកុហកបែបណាទើបយើងមើលមិនដឹង។ មិនមែនរុញឱ្យសង្ស័យគ្រប់មនុស្សដែលនៅក្បែរយើងទេ ក្នុងនាមជាមនុស្សល្អតែងតែផ្តល់ទំនុកចិត្តឱ្យគេមុនគឺជារឿងធម្មតា គ្រាន់តែយើងត្រូវចេះមើលមនុស្សមុននឹងយើងដាក់ការទុកចិត្ត។

២. រឿងកុហកមិនមែនស្រួលមើលដឹងពេកទេ៖ ដោយសារវាមិនងាយស្រួលមើល ទើបអ្នកកុំសូវកាត់ក្តីរហ័សពេក ចាំប្រមូលបានពត៌មានលំអិតចាំធ្វើការកាត់ក្តី ពុំដូច្នោះទេអ្នកអាចកាត់ក្តីខុស បង្កើតភាពអយុត្តិធម៌ផ្លូវចិត្ត។

៣. ការកុហកមានច្រើនវិធីណាស់៖ មនុស្សក្បែរអ្នកដែលចង់កុហកអ្នក គេអាចប្រើច្រើនវិធីដើម្បីធ្វើរឿងកុហកអ្នក ត្រង់ចំណុចនេះចង់ប្រាប់អ្នកថា រឿងអ្វីក៏ដោយ ក៏អាចកើតឡើងលើអ្នកដែរ។ ជីវិតត្រូវតែមានការប្រាស្រ័យ ដូច្នេះអ្នកគ្រាន់តែយកការប្រុងប្រយ័ត្នដាក់ជាប់ខ្លួនជានិច្ចនៅពេលប្រាស្រ័យជាមួយមនុស្សដែលអ្នកមិនទុកចិត្ត ទៅបានហើយ។

៤. គេអាចហ៊ានកុហកដោយសារគេបានទំនុកចិត្តពីអ្នក៖ មនុស្សអាក្រក់អាចកុហកនៅពេលទទួលបានទំនុកចិត្ត។ បើអ្នកផ្តល់ទំនុកចិត្តហើយមានន័យថាអ្នកមិនអាចសង្ស័យទេ ដូច្នេះបញ្ហាគឺត្រង់ការផ្តល់ទំនុកចិត្តខាងដើម អ្នកគួរមើលគេឱ្យល្អិតល្អន់មុននឹងដាក់ការទុកចិត្តណាមួយ។

៥. អ្នកកុហកពូកែដោះសា៖ ជាទូទៅមនុស្សចិត្តទន់តែងឆាប់ជឿពាក្យដោះសា។ អ្នកមិនគួរឆាប់ជឿពាក្យដោះសាពេកទេ​នៅពេលរឿងដែលអ្នកសង្ស័យបានដក់ចូលក្នុងចិត្តទៅហើយ អ្នកត្រូវស្វែងរកការពិតបន្ត ព្រោះអ្នកដែលកុហកគេ ជាធម្មតាតែងតែដោះសាអីចឹញហើយ។

៦. ទាល់តែមានភស្តុតាងទើបអ្នកកុហកព្រមសារភាព៖ អ្នកត្រូវចាំថាមុននឹងចាប់កំហុសអ្វី ឬចង់ឱ្យគេសារភាព អ្នកត្រូវរកភស្តុតាងគ្រប់គ្រាន់សិន បើបង្ហាញភស្តុតាងមិនគ្រប់គ្រាន់គេនៅតែបន្តប្រកែកអ្នកអីចឹង។

៧. មនុស្សម្នាក់អាចកុហកសូម្បីតែមនុស្សដែលខ្លួនគេស្រឡាញ់៖ មនុស្សអាត្មានិយមអាចកុហកសូម្បីមនុស្សដែលគេស្រឡាញ់។ដូច្នេះ នៅពេលដែលអ្នកត្រូវបានដៃគូអ្នកកុហកចូរអ្នកកុំនិយាយថា «ហេតុអ្វីមនុស្សស្រឡាញ់ខ្ញុំកុហកខ្ញុំ» ឱ្យសោះ តែគេកុហកគឺកុហកហើយ អ្នកត្រូវទទួលយកការពិត៕

ប្រភព ៖ ហាហាហាសប្បាយ