ផ្សាយចេញ ៖ 18-Jan-2018 10:13 am 5 months ago

មនុស្សស្រី បើក្នុងអារម្មណ៍នាងស្វែងរកកន្លែងជ្រកធំជាងជម្រៅចិត្តស្រឡាញ់ នាងនឹងសម្រេចចិត្តជ្រើសយកបុរសម្នាក់ដែលផ្តល់ឱ្យនាងច្រើនជាងគេ នាងកាត់ក្តីថា បុរសម្នាក់នេះផ្តល់ឱ្យខ្ញុំច្រើនជាង គេបានហុចផលភ្លាមៗឱ្យខ្ញុំច្រើនជាង រួមមានស្នាមញញឹម និងការយកចិត្តទុកដាក់ ឬលុយកាក់ ភាពផ្អែមល្ហែមក្នុងន័យផ្គាប់ផ្គុនជាដើម ហើយនាងកំណត់ថានោះជាស្នេហ៍ពិតដែលបុរសនោះមានចំពោះនាងហើយ។ ជួនកាលនាងមិនបានគិតថា ក្នុងចំណោមបុរសដែលនាងកំពុងជ្រើសរើសនោះ តើម្នាក់ណាដែលគិតវែងឆ្ងាយដើម្បីនាងនោះទេ នាងយកផលភ្លាមៗមកធ្វើជាខ្នាតសម្រាប់កាត់ក្តី ហើយជ្រើសយកបុរសដែលហុចផលឱ្យនាងភ្លាមៗដើម្បីឆាប់បានជ្រក កុំឱ្យឯកាយូរ។ នារីរូបស្អាតដែលគិតបែបនេះ ច្រើនត្រូវបានទាក់យកដោយប្រភេទបុរសផ្គាប់ផ្គុន ដែលមើលឃើញសម្រស់នាងហើយផ្គាប់ផ្គន់ឱ្យនាងភ្លាមៗដើម្បីយកចិត្តនាង ដែលបែបនេះវាចំនឹងសេចក្តីត្រូវការភ្លាមៗរបស់នាងតែម្តង នេះគឺជាមូលដ្ឋានសម្រេចចិត្តរបស់នាង។ បុរសដែលមានស្នេហ៍ពិតទៅលើនាង គឺគេសម្លឹងមើលភាពស្រស់ស្អាតផ្សេងៗទៀតក្រៅអំពីសម្រស់របស់នាង បើនាងខ្វះចំណុចល្អណាមួយបុរសនោះនឹងមានទង្វើបំពេញចំណុចខ្វះរបស់នាង កន្លែងណាត្រូវកែ បុរសនោះនឹងមានសកម្មភាពកែប្រែនាង ជាជាងផ្គាប់ផ្គុនដើម្បីបាននាងដោយសារសម្រស់តែម្យ៉ាង តែរឿងទាំងនេះត្រូវការពេលវេលា នារីរូបស្អាតមិនអាចរងចាំ នាងក៏សម្រេចចិត្តជ្រើសយកបុរសផ្គាប់ផ្គុន។

បុរសដែលគិតវែងឆ្ងាយឱ្យនាង មើលឃើញភាពខ្វះខាតក្នុងសម្រស់របស់នាង គេត្រូវការពេលវេលាដើម្បីបំពេញ ដើម្បីកែប្រែនាង ក៏ប៉ុន្តែជារឿងអភ័ពដែលបុរសប្រភេទនេះច្រើនតែចាញ់បុរសដែលចូលមកផ្គាប់ផ្គុននាងលឿនៗ ដោយសារបុរសផ្គាប់ផ្គន់នោះយករូបសម្រស់តែម្យ៉ាងធ្វើជាមូលដ្ឋានជ្រើសរើសដែរ។ មើលតែសម្រស់រួចទាក់យកគ្នា ក្នុងទម្រង់បែបនេះមនុស្សស្រីរូបស្អាតច្រើនតែអភ័ព ព្រោះកាលស្រឡាញ់ពួកគេមិនទាន់បាន Clear ចិត្តគ្នាអំពីភាពល្អខាងក្នុង មិនទាន់បន្ស៊ីចិត្តទាំងសងខាងឱ្យសុខព្រមទទួលយកលក្ខខណ្ឌនៅឡើយ ស្រឡាញ់មិនយូរប៉ុន្មានផុតអំពីការនឿយណាយផ្នែកសម្រស់ ទំនាក់ទំនងពួកគេក៏ផ្តើមប៉ះទង្គិចគ្នាដោយសាតែធាតុមិនត្រូវគ្នារឿងផ្លូវចិត្តខាងក្នុងមិនត្រូវគ្នានោះឯង ហើយពួកគេអាចនឹងចែកផ្លូវគ្នានៅពេលបុរសរបស់នាងជួបនារីថ្មីល្អជាងនាង។

នាងអាចមានសំណាងបានបុរសនោះនៅជាប់ជាមួយនាងជាងរៀងរហូតដោយសាររូបកាយនាងផ្តល់ភាពគ្រប់គ្រាន់ ឱ្យបុរសប្រភេទនោះមានអារម្មណ៍ថាលែងចង់បានអ្វីលើសពីហ្នឹង ក៏ប៉ុន្តែនោះមិនមែនជាស្នេហ៍ផ្អែមល្ហែមប្រកបដោយមនោសញ្ចេតនា ការយល់ពីជម្រៅចិត្តគ្នា យល់ពីតម្លៃគ្នាដែលជាធាតុកក់ក្តៅពិតប្រាកដទេ ពួកគេទទួលបានភាពកក់ក្តៅមួយភ្លែតៗតែពេលបំពេញផ្នែកផ្លូវភេទឱ្យគ្នាប៉ុណ្ណោះ។ ក្តីស្រឡាញ់ដែលមិនយល់ពីជម្រៅ និងតម្លៃ អាចរស់នៅជាមួយគ្នារហូត តែមួយជីវិតមិនបានស្គាល់ភាពកក់ក្តៅពិតប្រាកដរបស់ស្នេហាពិត ដែលសូម្បីមិនបានឱបគ្នាក៏អាចកក់ក្តៅពីចម្ងាយដែរនោះ នាងពិតជាគ្មានថ្ងៃបានស្គាល់ទេ បើទោះមានការបំពេញផ្នែកភេទតែនោះមិនមែនជាភាពកក់ក្តៅពិតឡើយ។ ស្ត្រីខ្លះ ទើបតែចេះស្រឡាញ់ប្តី យល់ពីពីតម្លៃនៃក្តីស្រឡាញ់ពិតជាមួយប្តីក្រោយបានកូន២ កូន៣ហើយទេ ដោយសារការរស់នៅជាមួយគ្នាយូរទើបដុះមនោសញ្ចេតនាពិតតាមក្រោយ៕

ប្រភព ; ហាហាហាសប្បាយ