ផ្សាយចេញ ៖ 05-Jan-2018 10:53 am 6 months ago

យើងនិយាយតែក្នុងលក្ខខណ្ឌមនុស្សពីនាក់បានដាក់ចិត្តស្រឡាញ់គ្នាប៉ុណ្ណោះ! ស្នេហាក្លែងក្លាយមិនចាត់ចូលក្នុងមេរៀននេះទេ។

ហេតុអ្វីអ្នកដែលតែងតែស្រក់ទឹកភ្នែកច្រើនជាងគេគឺជាមនុស្សស្រី? ចេះស្រឡាញ់ ចេះស្អប់ ចេះរំភើប ចេះសប្បាយ ចេះរីករាយ ចេះទទួលការឈឺចាប់ដូចមនុស្សប្រុសដែរ ចុះម្តេចក្នុងរឿងស្រក់ទឹកភ្នែកនេះ​ ច្រើនតែមនុស្សស្រីជាអ្នកទទួលច្រើន លើសមនុស្សប្រុសទៅវិញ? ពេលបែកបាក់ស្នេហាម្តងៗ គេតែងសង្កេតឃើញមនុស្សខ្លះយំ ខ្លះមិនយំ រីឯមនុស្សស្រីយំទាំងអស់ 10យំទាំង10, 100យំទាំង100 ហេតុអ្វី? ខាងក្រោមនេះជាហេតុផលទាំង៧ បង្ហាញថា មនុស្សស្រីទាំងអស់ត្រូវតែយំ ក្នុងពេលបែកបាក់ស្នេហា។

មនុស្សស្រីបើស្រឡាញ់ហើយ នាងមិនដែលស្ទាក់ស្ទើ ឬស្រឡាញ់លំៗទេ ពោលគឺស្រឡាញ់អស់ពីពោះ អស់ពីពង់ បាពីពោះវៀន ស្រឡាញ់គ្មានការសង្ស័យ ស្រឡាញ់ឱ្យចិត្ត១០០%។ ដោយហេតុនេះហើយ ដែលធ្វើឱ្យចិត្តរបស់នាងផុងជ្រៅក្នុងសេចក្តីស្នេហាងើបមុខមិនរួចឡើយ ហើយដល់ពេលបែកគ្នា វាធ្វើឱ្យនាងពិបាកទទួលយកបំផុត ជាហេតុរុញច្រានឱ្យទឹកភ្នែកគ្រប់មនុស្សស្រីត្រូវតែស្រក់ចុះ ទប់មិនបានឡើយ។

មនុស្សស្រី តែស្រឡាញ់គឺរំពឹងខ្ពស់ណាស់! នាងមានក្តីសង្ឍឹមខ្លាំង ចំពោះមនុស្សប្រុសដែលនាងស្រឡាញ់ ហើយកំឡុងពេលស្រឡាញ់នាងជឿជាក់ណាស់ថា ដៃគូររបស់នាងនឹងមិនបោះបង់នាងទេ។ ដល់ពេលថ្ងៃបែកមកដល់ វាពិបានឱ្យមនុស្សស្រីធ្វើចិត្តសម្របនឹងស្ថានភាពនោះខ្លាំងណាស់ ដូច្នេះគ្រប់មនុស្សស្រីនឹងស្រក់ទឹកភ្នែក។

មិនទាំងអស់ទេ អាចមានមនុស្សប្រុសក្នុងចំនួនតិចណានោះ មានមនោសញ្ចេតនាជ្រៅលើសមនុស្សស្រីទៅទៀត ក៏ប៉ុន្តែបើយើងនិយាយក្នុងករណីជាទូទៅ ភេទស្រីច្រើនតែមានមនោសញ្ចេតនាច្រើនជាងមនុស្សប្រុសភាគច្រើននៅក្នុងសង្គមមនុស្ស។ ក្តីស្រឡាញ់របស់នាងចំពោះដៃគូរ គឺពោពេញទៅដោយមនោសញ្ចេតនា ហើយមនោសញ្ចេតនា អាចវាយសម្រក់ទឹកភ្នែកមនុស្សស្រីលឿនបំផុត នៅក្នុងស្ថានភាពដែលចិត្តនាងរំជើបរំជួល ឬខូចចិត្ត។

ចិត្តមនុស្សស្រីស្ទើតែទាំងអស់ គឺទន់ជ្រាយ! ទោះបីមានមនុស្សស្រីមួយចំនួន នាងជានារីរឹងមាំ ក៏ប៉ុន្តែទោះរឹងមាំយ៉ាងណា ក៏ចិត្តនាងមិនអាចទប់ឥទ្ធិពលនៃការវាយប្រហារពីរឿងស្នេហាបានដែរ ចំណុចខ្សោយរបស់មនុស្សស្រីគឺត្រង់ចិត្តនេះហើយ ដូច្នេះគ្រប់មនុស្សស្រីត្រូវតែយំ។

វាជាអារម្មណ៍ដែលគ្រប់មនុស្សស្រីតែងតែផុសឡើង នៅពេលបែកបាក់គ្នា នាងយល់ថា នាងជាអ្នកខាតច្រើនជាង បាត់បង់ច្រើនជាង បាត់មនុស្សដែលនាងស្រឡាញ់ផង បាត់អ្វីម្យ៉ាងទៀតដែលជាកម្មសិទ្ធរបស់នាងផង។ អារម្មណ៍អន់ចិត្ត ខូចចិត្ត ឈឺចាប់ ក្តុកក្តួល នាងមិនអាចទប់ទឹកភ្នែកបានជាដាច់ខាត។

វាដោយសារលក្ខណៈធម្មជាតិជាមនុស្សស្រីនេះតែម្តង! ភាពងាយរងឥទ្ធិពលនៃរចនាសម្ព័ន្ធរាង្គកាយរបស់នាង ទោះបីពេលខ្លះនាងចង់ទប់មិនយំ ក៏មិនអាចទប់បានដែរ។ មនុស្សស្រីចាញ់មនុស្សប្រុសមុនដំបូងគេ គឺត្រង់លក្ខណៈទន់ជ្រាយពីធម្មជាតិនេះតែម្តង។

មនុស្សស្រីច្រើនតែធ្វើតាមចិត្ត ហើយចិត្តនេះទៀតសោត វាប្រតិកម្មលឿនបំផុត ក្នុងនោះសំបូរទៅដោយអារម្មណ៍រវើរវាយ បូករួមនឹងមនោសញ្ចេតនា។ ការគិតពិចារណាតិច ធ្វើតាមខួក្បាលតិច និងប្រតិកម្មតាមបេះដូងច្រើន នេះជាហេតុនាំឱ្យមនុស្សស្រីឆាប់ជ្រួលច្រាលចាញ់ច្រាបក្នុងរឿងបង្គិចផ្លូវចិត្តបំផុត ហើយក៏ធ្វើឱ្យនាងឆាប់យំតែម្តង៕

ប្រភព ៖ ហាហាហាសប្បាយ